(ខេត្តរតនគីរី)នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម យឹម ផែន អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជូនប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ មកពីភូមិចំនួន២៤ ក្នុងឃុំចំនួន៦ ដែលរងគ្រោះដោយទឹកជំនន់កន្លងមកនៅ ស្រុកវើនសៃ ។ ពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណវិទ្យាល័យវីរៈជ័យ ក្នុងស្រុកវើនសៃ និងមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការកងកម្លាំងទាំង៣ នាយករងរដ្ឋបាលខេត្ត អភិបាលស្រុក និងលោកលោកស្រីប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។
ក្នុងឱកាសនោះឯកឧត្តម យឹម ផែន អភិបាលរងខេត្ត បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងបានយកចិត្តទុកដាក់ និងតាមដានជាប់ជានិច្ច ចំពោះស្ថានភាពរស់នៅរបស់បងប្អូនទាំងអស់ ជាពិសេសនៅក្នុងពេលរងគ្រោះដោយទឹកជំនន់នេះ សម្តេចទាំងទ្វេតែងតែក្រើនរំលឹកអោយថ្នាក់ដឹកនាំ គ្រប់លំដាប់ឱ្យចុះមកដោះស្រាយ និងជួយទុក្ខធុរៈរបស់បងប្អូន ដូច្នេះសូមបងប្អូនកុំមានការព្រួយបារម្ភឱ្យសោះ សម្តេចលោកតែងតែនឹករលឹក និងខ្វាយខ្វល់ចំពោះបងប្អូន មិនទុកបងប្អូនចោលនោះឡើយ។
ហើយថ្ងៃនេះអំណោយដែលបាននាំមកជូន គឺជាការបង្ហាញពីការគិតគូរខ្ពស់ របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋគ្រប់ៗរូប ដែលរងគ្រោះដោយគ្រោះដោយទឹកជំនន់នាពេលកន្លងមក ដើម្បីជួយសម្រាលទុក្ខលំបាកប្រចាំថ្ងៃរបស់បងប្អូនបានមួយរយៈ ដើម្បីបងប្អូនអាចបន្ដខិតខំប្រឹងប្រែងធ្វើការ និងប្រកបរបរចិញ្ចឹមជីវិតបន្ដទៀត។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានផ្ដាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាពអោយបានល្អ ក្នុងរដូវរងានេះ និងត្រូវបន្ដអនុវត្តវិធានសុខាភិបាល ៣ការពារ ៣កុំ ទោះបីជាបានចាក់វ៉ាក់សាំងរួចរាល់ក្ដី ដើម្បីការពារខ្លួនកាន់តែល្អប្រសើរពីជំងឺកូវីដ១៩ ។
សូមបញ្ជាក់ផងដែរថា អំណោយដែលនាំមកជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ មកពីភូមិចំនួន២៤ ក្នុងឃុំចំនួន៦ នៅស្រុកវើនសៃ នាឱកាសនេះ ក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូ មី១កេស ត្រីខ១យួរ និងឃីត១កញ្ចប់៕