ខេត្តស្ទឹងត្រែង÷ ភ្លៀងធ្លាក់មួយមេធំលាយឡំផ្គររន្ទះបាញ់គោងាប់ដួលរណុករណែលអស់ចំនួន៨ក្បាល ហេតុការណ៍នេះបានកើតឡើងនៅឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២២។
អ្នកភូមិបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣ខែមិថុនា មេឃធ្លាក់ភ្លៀងយ៉ាងខ្លាំងដោយលាយឡំជាមួយផ្គររន្ទះជាច្រើនកន្លែង ក្រោយមេឃស្រឡះអ្នកភូមិបានដើរប្រទះឃើញសត្វគោញីឈ្មោលចំនួន៨ក្បាល ងាប់នៅក្បែរក្រោមដើមឈើនិងព្រៃវាលខាងក្រោយភូមិ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសាមឃួយបានឲ្យដឹងថា ក្នុងចំណោមសត្វគោរន្ទះបាញ់ងាប់ចំនួន៨ក្បាល មានគោ៧ក្បាលគឺជារបស់លោកមេភូមិ និងមួយក្បាលទៀតជាគោអ្នកភូមិ បន្ទាប់មកម្ចាស់គោក៏បានលក់គោទាំងអស់នេះដែលងាប់ឲ្យទៅឈ្មួញកណ្ដាលក្នុងខេត្តស្ទឹងត្រែងបន្ត៕