សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្របញ្ជីឈ្មោះបោះឆ្នោត នៅស្រុកលើកដែក ខេត្តកណ្តាលចេញផ្សាយ ថ្ងៃទី MoINFO APP
ម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្របញ្ជីឈ្មោះបោះឆ្នោតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល តាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទំាងអស់ សូមអញ្ជើញបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ឱ្យបានគ្រប់ៗគ្នា។សម្រាប់ពលរដ្ឋបានចុះឈ្មោះបោះឆ្នោតហើយ សូមអញ្ជើញទៅពិនិត្យ ផ្ទៀងផ្ទាត់ និងធ្វើជីវមាត្របញ្ជីឈ្មោះ។ ចំណែកអ្នកទើបគ្រប់អាយុត្រូវចុះឈ្មោះបោះឆ្នោត ក៏សូមអញ្ជើញធ្វើដំណើរទៅកាន់ឃុំ សង្កាត់ ដែលខ្លួនរស់នៅ ដើម្បីចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
ការចុះឈ្មោះបោះឆ្នោត មានសារៈសំខាន់ណាស់ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ទំាងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ខាងមុខ និងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តឆ្នាំ២០២៨ ផងដែរ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកយុទ្ឋនាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមសាលាឃុំ សង្កាត់ ទូទំាងប្រទេស ចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និង ពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:៣០នាទីល្ងាច៕