តើអ្វីទៅជាដើមទុនរបស់កម្ពុជា ដើម្បីប្តូរបានសុខសន្តិភាពដូចសព្វថ្ងៃនេះ?
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទាំងអារម្មណ៍ក្តុកក្តួលអួលដើមករពីប្រវត្តិដ៏ជូរចត់ផ្ទាល់របស់លោកថា ទម្រាំបានប្រទេសមានសុខសន្តិភាពដូចសព្វថ្ងៃ គឺសម្ដេចត្រូវឆ្លងកាត់ការពុះពារឧបសគ្គដ៏លំបាកដោយបានយកជីវិតធ្វើជាដើមទុន។ ហេតុដូច្នេះហើយ សម្ដេចនឹងមិនអនុញ្ញាតឱ្យអ្នកណាមកបំផ្លាញសន្តិភាពដែលរកមកយ៉ាងលំបាកណាស់ឡើយ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញថ្លែងបាឋកថា ក្នុងសិក្ខាសាលាស្ដីពី «ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» ពីរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ។
សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា តើពួកអ្នកឯងអាចយល់ទេ? ក្នុងវ័យ ២៥ឆ្នាំ ដែលចាកចោលប្រពន្ធកំពុងមានផ្ទៃពោះ តើពួកអ្នកឯងយល់បញ្ហានេះទេ? ដែលអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ទើបមានអាយុ ៥ខែក្នុងពោះ គឺកំសត់ណាស់ បន្ទាប់ពីកូនមួយស្លាប់ដោយសារគ្រូពេទ្យធ្វើឱ្យធ្លាក់ពីដៃ។
សម្ដេចបានសង្កត់ធ្ងន់ថា ទឹកភ្នែករាប់សែនលានដំណក់របស់ខ្ញុំ គឺជាការឈឺចាប់ពីការព្រាត់ប្រាសពីប្រទេស ដែលមិនត្រឹមតែគិតពីបញ្ហាគ្រួសារប្រពន្ធកូនប៉ុណ្ណោះទេ ប៉ុន្តែគឺគិតពីប្រជាជនកម្ពុជាទាំងមូល ដែលនៅរងទុក្ខវេទនាពីការកាប់សម្លាប់រាល់ថ្ងៃដោយសារភ្លើងសង្គ្រាម។ ហើយភាពកំសត់មួយនេះបានតាមលងបន្លាចរហូតមកដល់បច្ចុប្បន្ននេះ។ សម្ដេចថា រឿងនេះហើយដែលយើងបញ្ជាក់ជាដាច់ខាត ថាមិនឱ្យជនណាមកបំផ្លាញសន្តិភាពកម្ពុជាបានទេ ពីព្រោះប្រជាជនកម្ពុជាបានឆ្អែតឆ្អន់ពេកហើយ។
សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា ក្នុងរយៈពេលជាង ៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា មិនដែលមានពេលណាដែលប្រជាជនកម្ពុជាទទួលបានសុខសន្តិភាពដូចពេលនេះឡើយ៕