ស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៤ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិ
(កណ្ដាល)៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ បានប្រារព្ធពិធីទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ,លោកស្រីរ៉េត ផល្លីដា ជាឧត្តមភរិយា និងស្នងការរងទាំងអស់និងភរិយា ព្រមទាំងស្ត្រីជានគរបាលសរុបចំនួន ៣៣៨ នាក់។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោស្នងការ បានសម្ដែងការកោតសរសើរ លើកទឹកចិត្ត និងអរគុណចំពោះវីរភាពរបស់កងកម្លាំង ជាពិសេសកងកម្លាំងនារីទាំងអស់ ដែលបានលះបង់ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រកបដោយ ឆន្ទៈ មនសិការ បន្តដិតជាប់ក្នុងស្មារតីនៃកងកម្លាំងនគរបាលនារីជារៀងរហូត។
លោកឧត្តមសេនីយ៍ទោស្នងការ បានលើកឡើងទៀតថា កងកម្លាំងនគរបាលនារីខេត្តកណ្ដាល បានចូលរួមយ៉ាងសកម្ម ក្នុងការខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងល្អប្រសើរ ជាមួយនឹងការទទួលបានការកោតសរសើរពីសំណាក់មហាជនគ្រប់ទិសទីផងដែរ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផងដែរ ដែលលោកតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះកងកម្លាំងគ្រប់ៗរូប។ ជាមួយគ្នានោះ លោកស្នងការក៏បានផ្តល់ជូនបាច់ផ្កា វត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់កងកម្លាំងនគរបាលនារីផងដែរ ដែលជាការចូលរួមចំណែកលើកកម្ពស់ និងផ្ដល់តម្លៃដល់ស្ត្រីជានគរបាលជាតិ។