អបអរសាទរខួបទី៤៤នៃទិវាជ័យជំនះ៧មករា ឆ្នាំ២០២៣ នៅភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង
ស្រុកពារាំង: នៅភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ បានប្រារព្វកម្មវិធីអបអរសាទរ៧មករាខួបលើកទី៤៤នៃថ្ងៃជ័យជំនះ(07 មករា 1979-07មករា 2023) ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ិន សំអាត នាយករងឧទ្ទកាល័យអគ្គបញ្ជាការ និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម យូ សិរីវុឌ្ឍ នឹងឯកឧត្តម ហង្ស ចិន្តា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពារាំង និងជាប្រធានក្រុមជួយឃុំរកា ហើយក្នុងអង្គពិធីនេះក៏មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋចំនួន៩ភូមិក្នុងឃុំរកា មានចំនួន ៩៥១នាក់ ស្រី៥៣៥នាក់ផងដែរ។ឯកឧត្តម សុិន សំអាតបានអានសុន្ទរកថារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយគូសបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃគម្រប់ខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្រ្តដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត សង្រ្គោះជាតិនិងប្រជាជនកម្ពុជា ឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាលរបស់របបដ៍សាហាវ យង់ឃ្នងបំផុតនេះ បានទាន់ពេលវេលា និងបានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ហើយបើក ឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។ រយៈពេល៤៤ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីជ័យជម្នះ៧មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលពិភពលោក ទាំងមូលនឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍, ពីសង្រ្គាមរ៉ាំរ៉ៃ រាប់ទសវត្សរ៍,ការបាក់បែកជាតិ,បែងចែកទឹកដី ក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍ តាំងពីបាតដៃទទេរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យប្រជាជនមានជីវភាពធូរធារ និង មានកំណើនសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ។ឆ្នាំ២០២២ដែលទើបតែកន្លងផុតទៅនេះ សភាពការណ៍ទូទៅរបស់កម្ពុជា មានការវិវឌ្ឍន៍យ៉ាងល្អ ដែលផ្តល់ ភាពអនុគ្រោះដល់ការសម្រេចគោលដៅរបស់យើងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទោះបីជាសភាពការណ៍ អន្តរជាតិ នៅតែបន្តប្រែប្រួលយ៉ាងស្មុគស្មាញក្តី។ នៅក្នុងរយៈពេលនេះ រាជរដ្ឋាភិបាលបានខិតខំអនុវត្ត កម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ សម្រេចបានសមិទ្ធផលធំៗ ថ្មីៗជាច្រើន ប្រកបដោយមោទនភាព ។
សារអរគុណសន្តិភាព ពិតជាមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ ឬ ថ្ងៃក្រោយ មនុស្សទាំងអស់គ្នាត្រូវការសន្តិភាព ។
ប្រជាពលរដ្ឋមន្រ្តីរាជការ ដែលបានចូលរួមក្នុងពិធីអបអរសសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃ ទិវាជ័យជំនះ៧មករានាពេលនេះ បានលើកឡើងថា នៅក្នុងរបបវាលពិឃាដអស់រយៈកាល៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ ដែលប៉ុលពតកាន់អំណាច ប្រជាពលរដ្ឋស្លូតត្រង់ត្រូវរបបអាវខ្មៅបង្អត់អាហារ បង្ខំឲ្យធ្វើការជាទម្ងន់ ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃនិងកាប់សម្លាប់យ៉ាងរង្គាល។
ប្រជាពលរដ្ឋបញ្ជាក់ទៀតថា ក្នុងរយៈពេលជាង៤៤ឆ្នាំកន្លងមកនេះ ប្រទេសជាតិមានការអភិវឌ្ឍន៍ ជាបន្ត បន្ទាប់ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ហើយ ក្នុងឃុំរកា ស្រុកពារាំង ក៍មានការអភិវឌ្ឍន៍ស្ទើរគ្រប់ទីកន្លែងប្រជុំជនរហូតដល់ជនបទផងដែរ ។ ទាំងអស់នេះដោយសារមានថ្ងៃ៧មករា ទើបប្រជាពលរដ្ឋ បានរស់រានមានជីវិតឡើងវិញនិងមានអ្វីៗទាំងអស់ នៅថ្ងៃនេះ អរគុណសន្តិភាព ។ ក្នុងឱកាសនោះឯកឧត្តម ជាគណអធិបតី បានអញ្ជើញប្រគេនទ័យទានព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជនដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិ នាពេល កន្លងទៅ៕