កុមារា កុមារី ដែលមានជីវៈភាពខ្វះខាតក្នុងការសិក្សាចំនួន ៩៩ នាក់ទទួលបានអាហារូបករណ៍ សម្ភារៈសិក្សា និងគ្រឿងឧបភោគ បរិភោគ ពីអង្គការមូលនិធិនៃក្តីសង្ឃឹមព្រៃវែង៖ នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ អង្គការមូលនិធិនៃក្តីសង្ឃឹម បានផ្តល់អំណោយអាហារូបករណ៍ ជាសម្ភារៈ សិក្សា និងគ្រឿងឧបភោគ បរិភោគ ដល់កុមារដែលមានជីវៈភាពខ្វះខាត ក្នុងការសិក្សា ដើម្បីជម្រុញអោយកុមារបានបន្តការសិក្សា ដែលមានចំនួន ៩៩ នាក់ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងលោក ទឹម វុទ្ធី អនុប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំដំរីពួន តំណាង ឯកឧត្ដម សៀង សេន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំរីពួន ព្រមទាំងតំណាងអង្គការមូលនិធិនៃក្តីសង្ឃឹម ។
ថ្លៃនៅក្នុងឱកាសនោះផងដែរលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានលើកឡើងថា ការផ្ដល់អាហារូបករណ៍ ជាសម្ភារៈសិក្សា និងគ្រឿងឧបភោគ បរិភោគ ដល់កុមារ ដែលមានជីវភាពខ្វះខាត របស់អង្គការមូលនិធិនៃក្តីសង្ឃឹមនេះ គឺក្នុងគោលបំណងដើម្បីជំរុញឲ្យកុមារដែលមានជីវៈភាពក្រីក្រខ្វះខាតក្នុងការបន្តការសិក្សារៀនសូត្រ ដើម្បីឲ្យមានលទ្ធភាពបានបន្តការសិក្សារៀនសូត្រ ដូចគ្រួសារដែលមានជីវភាពធូរធារដែរ។
លោក អភិបាលស្រុក បានបន្តថា ក្នុងនោះអង្គការក៏បានជួយឧបត្ថម្ភគាំទ្រដល់កុមារដែលមានជីវៈភាពក្រីក្រខ្វះខាតនេះនូវសម្ភារៈសិក្សាមួយឈុតរយៈពេល ១ ឆ្នាំសម្រាប់កុមារម្នាក់ ចំពោះកាផ្តល់សម្ភារៈសិក្សានេះ ក្នុងកុមារម្នាក់ៗ គឺជួយរយៈពេល ៦ ឆ្នាំ ដោយចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦ និងបន្តរហូតដល់ថ្នាក់ទី៩ ប្រសិនបើគាត់នៅតែបន្តការសិក្សា ព្រមទាំងផ្ដល់សម្លៀកបំពាក់ រួមទាំងអាហារ មានអង្ករ គ្រឿងឧបភោគ បរិភោគ ចំនួន ២ ខែម្ដងផងដែរ។
លោកអភិបាលស្រុកបានបន្តទៀតថា ទាំងនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំស្រុក បានខិតខំគៀងគរ រកអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែក ក្នុងការ លើកកម្ពស់ ធនធានចំណេះដឹង ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងការផ្ដល់ឱ្យកូនបន្តការសិក្សារៀនសូត្រនេះជាដើម។
លោកអភិបាលស្រុក ក៏សូមផ្តាំផ្ញើដល់ក្មួយៗ ដែលទទួលបានអាហារូបករណ៍ក្នុងការបន្តការសិក្សារៀនសូត្រ តាមរយៈការឧបត្ថម្ភរបស់អង្គការមូលនិធិនៃក្តីសង្ឃឹមនេះសូមយកចិត្តទុកដាក់និងខិតខំសិក្សារៀនសូត្រ ឲ្យអស់ពីកម្លាំងកាយចិត្តដោយមិនត្រូវបោះបង់ការសិក្សា និងមិនត្រូវសេពនូវគ្រឿងញៀននោះទេ។ ព្រោះថាចំណេះដឹងនេះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយយឹតយោងជីវភាពក៏ដូចជា អនាគតរបស់ក្មួយៗនាពេលអនាគតឲ្យរុងរឿង។
លោកអភិបាលស្រុក បានណែនាំដល់អាណាព្យាបាលសិស្សទាំងអស់ត្រូវជម្រុញនិងលើកទឹកចិត្តដើម្បីឲ្យគាត់បានទៅសាលាបន្តការសិក្សារៀនសូត្រឲ្យបានគ្រប់គ្នាៗ។
ក្នុងនោះដែលោក នួន រចនា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលក្តីសង្ឃឹម នៃអង្ការមូលនិធិនៃក្តីសង្ឃឹម បាន ថ្លែងអំណរគុណដល់អាជ្ញាធរស្រុក ឃុំទាំងអស់ដែលបានសហការជាមួយអង្គការមូលនិធិនៃក្តីសង្ឃឹមនេះបានយ៉ាងល្អជាច្រើនឆ្នាំកន្លងមកនេះ។ លោកក៏បានបន្តទៀតថា អង្គការមូលនិធិនៃក្តីសង្ឃឹម ជួយនេះគឺក្នុងគោលបំណងឲ្យកុមារដែលមានជីវភាពខ្វះខាតក្នុងការសិក្សា ឲ្យមានឱកាសបានបន្តសិក្សាដូច កូនអ្នកដែលមានជីវភាពធូរធាដែ។
ក្នុងនោះដែរឯកឧត្ដម សៀង សេន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំរីពួនក៏បានឧបត្ថម្ភ ថវិកា ដល់កុមារា កុមារី ទាំង ៩៩ នាក់ដោយក្នុងម្នាក់ៗ ទទូលបាន ថវិកា ១ ម៉ឺនរៀលផងដែរ៕