ពិធីបើកវគ្គសិក្សា កម្មវិធីអាហាររូបករណ៍ភាសាអង់គ្លេសខ្នាតតូច (Access)នៅខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សាលា ESL អ៊ិចហ្ស័រលែន បានរៀបចំពិធីបើកវគ្គសិក្សា កម្មវិធីអាហាររូបករណ៍ភាសាអង់គ្លេសខ្នាតតូច (Access)នៅខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួម លោក ស្រី Amparo Garcia, (អាប់ផារ៉ូ ហ្គាផ្ជែ) តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងលោក វែន ប្រណី អនុប្រធានមន្ទីរ អប់រំ យុវជន និងកីឡា តំណាងប្រធានមន្ទីរ។លោក វ៉ាន់ សំណាង នាយកសាលា ESL អ៊ិចហ្ស័រលែន បានលើកឡើងថា សាលា ESL អ៊ិចហ្ស័រលែន គឺជាគ្រឹស្ថានអប់រំឯកជនមួយដែលត្រូវបានទទួលស្គាល់ពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង។ សាលាមានបរិក្ខាល្អ ផ្តល់ភាពងាយស្រួល មានបទពិសោធន៍ក្នុងវិស័យអប់រំ និងគ្រូបង្រៀនដែលមានគុណសម្បត្តិគ្រប់គ្រាន់។ កម្មវិធីសិក្សាត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ក្នុងគោលបំណងដើម្បីឱ្យត្រូវទៅតាមតម្រូវការរបស់សិស្សានុសិស្ស និងធានាបាននូវគុណភាពនៃការអប់រំ។ សាលា ESL អ៊ិចហ្ស័រលែន មានកម្មវិធីសិក្សាគោលពីរគឺ ភាសាអង់គ្លេសទូទៅ និងថ្នាក់កុំព្យូទ័រ។
លោក នាយកសាលា បន្តថាលើសពីនេះទៅទៀត សាលា ESL អ៊ិចហ្ស័រលែន ក៏ទទួលបាននូវគម្រោងជំនួយពីសហរដ្ឋអាមេរិក ដោយគម្រោងនេះបានផ្តល់អាហារូបករណ៍១០០% ដល់សិស្សានុសិស្ស ចំនួន៣០រូប សម្រាប់ជំនាន់ទី១៧ និងជំនាន់ទី១៩ ចំនួន ២៨ រូប ដើម្បីរៀនភាសាអង់គ្លេស និងកុំព្យូទ័រ ក៏ដូចជាមេរៀនជំនាញបំណិនជីវិត ដទៃៗទៀត រយៈពេល២ឆ្នាំ។ កម្មវិធីអាហាររូបករណ៍ភាសាអង់គ្លេសខ្នាតតូច(Access) គឺជាកម្មវិធីមួយដែលមានលក្ខណៈជា សកល និងមានការឧបត្ថមគាំទ្រពីសហរដ្ឋអាមេរិក ដែលកម្មវិធីនេះផ្តល់ជូនជំនាញមូលដ្ឋានគ្រឹះភាសាអង់គ្លេសដល់ប្អនៗសិស្សានុសិស្សដែលមានអាយុចន្លោះពី១៣-២០ឆ្នាំ មកពីក្រុមគ្រួសារដែលមានជីវភាពខ្វះខាតដើម្បីសិក្សារយៈពេល២ឆ្នាំដោយឥតគិតថ្លៃ។
អាហារូបករណ៍ (English Access Micro-scholarship)បានធ្វើឲ្យសិស្សានុសិស្សដែលបានប្រឡងជាប់អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ មានជំនាញកុំព្យូទ័រ យល់ដឹងពីការងារសង្គម ការធ្វើការងារជាក្រុម យល់ពីវប្បធម៌ជាតិ និងអន្តរជាតិ ជាពិសេសវប្បធម៌របស់សហរដ្ឋអាមេរិក។ ហើយពិសេសជាងនេះទៅទៀត សិស្សានុសិស្សត្រូវបានបណ្ដុះបណ្ដាលឱ្យមានអាកប្បកិរិយាល្អ និងសីលធម៌រស់នៅល្អក្នុងសង្គម។ លក្ខណៈពិសេសទាំងនេះនឹងជួយពូកគេឱ្យមានសមត្ថភាពក្នុងការធ្វើការងារ ក៏ដូចជាជោគជ័យនៅក្នុងសង្គមទៅថ្ងៃអនាគត។
ថ្លែងនៅក្នុងឱកាសនោះ លោក វែន ប្រណី អនុប្រធានមន្ទីរ អប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធីអាហាររូបករណ៍ភាសាអង់គ្លេសខ្នាតតូច (Access)ដ៏មានសារៈសំខាន់ដែលផ្តួចផ្តើមរៀបចំដោយសាលា ESL អ៊ិចហ្ស័រលែន និងមានការឧបត្ថមគាំទ្រពី ស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការរៀបចំបើកវគ្គអាហាររូបការណ៍សិក្សាដោយអត់បង់ថ្លៃរយះពេល២ឆ្នាំជូនប្អូនៗសិស្សានុសិស្ស នៅពេលនេះពិតជាឆ្លើយតបទៅនឹងតម្រូវការរបស់ប្អូនៗដែលខ្វះលទ្ធភាពបង់ថ្លៃសិក្សានៅខាងក្រៅដើម្បីបានរៀនភាសាអង់គ្លេសក៏ដូចជាជំនាញកុំព្យូរទ័រ និងជាផ្នែកមួយជួយចូលរួមចំនែកអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងខេត្តផងដែរ។
លោក អនុប្រធានមន្ទីរ បានបន្តថា ជាការពិតណាស់ការអប់រំ គឺជាកូនសោមួយសម្រាប់បើកទ្វារចូលទៅក្នុងពិភពលោកដ៏ទំនើប ដែលពោរពេញដោយសក្តានុពលនៃការអភិវឌ្ឍ និងជាទ្រព្យធនដែលមនុស្សជាតិគ្រប់គ្នាត្រូវការដោយខានមិនបាន ក្នុងការធ្វើឲ្យសម្រេចបាននូវ ជីវភាពរស់នៅប្រកបដោយសុខដុមរមនា ដោយមាន ឧត្តមភាព សន្តិភាព សេរីភាព និង យុត្តិធម៌ សង្គម។ ដូច្នេះហើយ ការសិក្សាគឺជាដំណើរការមួយ ដែលត្រូវធ្វើឡើងពេញមួយជីវិត រៀនហើយរៀនទៀត រៀនមិនចេះចប់ ហើយចំណេះដឹងដែលបានពីការសិក្សាទាំងនោះ គឺជាធនធានមនុស្សដ៏មានតំលៃបំផុត សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ ឲ្យបានរីកចំរើន និងរត់ឲ្យទាន់ចលនាសកលភាវូបនីយកម្ម នៅលើសកលលោកនាពេលបច្ចុប្បន្ននេះ។
លោក ស្រី Amparo Garcia, តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា អាហារូបករណ៍ដែលបានការជំនួយ ឧបត្ថម្ភគាំទ្រពីសហរដ្ឋអាមេរិកនេះគឺជាការចូលរួមចំណែកពង្រឹងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់ឱកាសដល់ប្អូនៗក្មួយៗសិស្សានុសិស្សដែលមានជីវភាពខ្វះខាតក្រីក្រមិនមានលទ្ធភាពប៉ងគួរសាលារៀននៅខាងក្រៅ ដោយសារដែលមានជីវភាពធូរធីដើម្បីឲ្យគាត់មានលទ្ធភាពក្នុងការបានសិក្សារៀនសូត្រផ្នែកភាសាអង់គ្លេសកុំព្យូទ័រនិងជំនាញផ្សេងៗដែលបានការអប់រំគាំទ្រពីសម័យនេះ។
លោក ស្រី Amparo Garcia, បានបន្តទៀតថា សិស្សានុសិស្ស ដែលបានប្រឡងជាប់មកសិក្សានៅក្នុងកម្មវិធីអាហាររូបករណ៍នាពេលនេះនឹងទទួលបានការអប់រំមួយ ដែលមានគុណភាពអប់រំខ្ពស់ មានសមត្ថភាព គ្រប់គ្រាន់ទាំង បញ្ញា ស្មារតី ចំណេះដឹងទូទៅគ្រប់ផ្នែកដូចជា ភាសាខ្មែរ ភាសាអង់គ្លេស ជំនាញកុំព្យូទ័រ បំណិនជីវិត អត្តចរិតថ្លៃថ្នូរ និងអាចចូលរៀននៅសកលវិទ្យាល័យនានា ទាំងក្នុងប្រទេស និងក្រៅប្រទេសបានដោយជោគជ័យ។