រាជធានីភ្នំពេញ÷នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២១នេះ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និង សំណេះសំណាលជាមួយភ្នាក់ងារអនាម័យ ខណ្ឌ និង សង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌមានជ័យ ចំនួន ១៧ គ្រួសារ ។
ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ ក៍សូមអគុណ ដល់ភ្នាក់ងារអនាម័យ ខណ្ឌ- សង្កាត់ ក្នុងការខិតខំប្រឹងប្រែង សហការ ជាមួយក្រុមហ៊ុន ស៊ិនទ្រី ប្រមូលសំរាមនៅក្នុងបរិវេណ សាលាខណ្ឌ និង តាមមូលដ្ឋានសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌមានជ័យយើង ដើម្បីកុំអោយមានការកកស្ទះសំរាម ទៅតាមកន្លែងស្តុក និងទុកដាក់សំរាម នានា នៅក្នុងមូលដ្ឋានសង្កាត់ទាំង៧ ។
យ៉ាងណាមិញ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ សូមអោយបងប្អូន ភ្នាក់ងារអនាម័យ ខណ្ឌ និងសង្កាត់ទាំង៧ កុំរុញរា និង បន្តនូវសកម្មភាព ប្រមូលសំរាម ដើម្បីអោយ ទីក្រុងភ្នំពេញយើងមានសោភ័ណភាព បរិស្ថានល្អ អនាម័យល្អ ទីក្រុងស្អាត និងមិនអោយមានការកកស្ទះនូវសំរាម ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។ ទន្ទឹមនឹងនេះដែរ លោកប្រធាន អនុសាខា បានអំពាវនាវដល់ភ្នាក់ងារអនាម័យ ខណ្ឌ និង សង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌមានជ័យ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពផង បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម អាកាសធាតុនៅតែបន្តចុះត្រជាក់ខ្លាំងរហូតដល់ពាក់កណ្តាលខែកុម្ភៈ ដូច្នេះយើងអាចនិងប្រឈមនូវបញ្ហាសុខភាព ជាពិសេស ចាស់ៗ ដែលមានអាយុច្រើន ។ ហើយថ្មីៗនេះដែរ ជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Omicron (អូមីក្រុង) ដែលអង្គការសុខភាពពិភពលោកកំពង់មានការព្រួយបារម្ភ ដូច្នេះយើងទាំងអស់គ្នានៅបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល និងសារអប់រំនានា របស់ក្រសួងសុខាភិបាល អោយបានម៉ឺងម៉ាត់បំផុត ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ក៍ដូចជាក្នុងរាជធានីភ្នំពេញទាំងមូល សូមធ្វើការវេចខ្ចប់ ទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីមានភាពងាយស្រួលដល់ក្រុមភ្នាក់ងារអនាម័យយើង សំអាត និង ប្រមូល ទៅតាមទីកន្លែងដែលបងប្អូន ទុកដាក់សំរាម នេះផងដែរ ។
ក្នុងពិធីសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ បានផ្តល់នូវគ្រឿងឧបភោគ បរិភោគ ក្នុងមួយគ្រួសារទទួលបាន៖
- អង្ករ ១បាវ=២៥គីឡូ , មី ១កេស , ទឹកត្រី ឬ ទឹកស៊ីអ៉ីវ ១យួរ , ទឹកសុទ្ធ ឱរ៉ាល់ ១កេស , ត្រី ខ កំប៉ុង ១យួរ , ទឹកក្រូច ១កេស ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ៕