រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីបុណ្យវិសាខបូជា នាបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបងចេញផ្សាយ ថ្ងៃទី MoINFO APP
បាត់ដំបង ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធពិធីបុណ្យវិសាខបូជា និងរាប់បាត្រព្រះសង្ឃចំនួន ១,០៦៨អង្គ នាបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង។ពិធីបុណ្យដ៏អធិកអធមនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពុទ្ធបរិស័ទ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា វិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
ឯកឧត្តម សុខ លូ សង្កត់ធ្ងន់ថា ថ្វីត្បិតតែប្រទេសកម្ពុជាបានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែប្រជាពលរដ្ឋមានសិទ្ធិជឿលើសាសនាអ្វីក៏បានដែរ ហើយកន្លងមកនៅកម្ពុជាមិនដែលមានអរិយភាពផ្នែកសាសនាឡើយ។
ឯកឧត្តមអភិបាលខេត្ត ថ្លែងបន្ថែមថា ភាពសុខដុមនីយកម្មផ្នែកសាសនា ការីកចម្រើនក្នុងវិស័យអាណាចក្រ និងសាសនាចក្រនៅកម្ពុជា គឺដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ប្ដេជ្ញាគោរពតាមការណែនាំចង្អុលបង្ហាញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីដឹកនាំរដ្ឋបាលខេត្តបាត់ដំបងឱ្យមានការរីកចម្រើន និងរួមគ្នាដើម្បីសុខទុក្ខបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង។
សូមជម្រាបថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះគឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។
ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង៕