ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងការចុះបង្ក្រាបគ្រឿងញៀន ស្លាប់មន្ត្រីនគរបាលម្នាក់
ភ្នំពេញ ៖ តាមប្រភពជំហានដំបូងអោយដឹងថា មានការចុះបង្ក្រាបគ្រឿងញៀន ពីសំណាក់សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បើកការចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀនមួយក្រុមធំ រហូតមានការផ្ទុះអាវុធតបតគ្នា បណ្តាលអោយ មន្ត្រីនគរបាលម្នាក់បានស្លាប់ បង្កការភ្ញាក់ផ្អើល ជាខ្លាំង នាវេលាម៉ោង ១៩ និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ ។លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ បានប្រាប់ សារព័ត៌មានយើង តាមទូរស័ព្ទ នាយប់ព្រលប់ថ្ងៃខែ ដដែលអោយដឹងថា ករណីនេះ គឺសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានឡើងប្រកាសតាមវិទ្យុទាក់ទង អោយកម្លាំងសមត្ថកិច្ច ពង្រាយកម្លាំងជួយតាមរថយន្តចាប់ឃាត់រថយន្តក្រុមជនសង្ស័យមួយក្រុម ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 0365 បន្ទាប់ពីក្រុម ទាំងនោះ មានការផ្ទុះអាវុធជាមួយសមត្ថកិច្ច ពេលចុះបង្ក្រាបគ្រឿងញៀន ។លោកអធិការរងបន្តថា លុះសមត្ថកិច្ចខាងមន្ទីរ ដេញរថយន្តខាងលើ រហូតដល់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ខណ្ឌដង្កោ ជួយស្ទាក់ចាប់ឃាត់បានតែម្តង ដោយឃាត់បានមនុស្ស ០៣នាក់។
ជុំវិញការបង្ក្រាបខាងលើនេះ គេនៅមិនទាន់ដឹងថា ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងផ្តើមចុះបង្ក្រាបពីចំណុចឬគោលដៅណាមកនោះទេ ដែលបណ្តាលអោយមានការផ្ទុះអាវុធតបតគ្នា ហើយបណ្តាលអោយកងកម្លាំងម្នាក់ត្រូវស្លាប់បែបនោះ ៕